ពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវកាយរឹទ្ធិខេត្តឧត្តរមានជ័យ

    នៅថ្ងៃទី១៩ខែមករាឆ្នាំ២០១០នៅបរិវេណស្ថានីយវិទ្យុឧត្តរមានជ័យ FM91.5MHz ស្ថិតក្នុងភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានរៀបចំពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូន នវកាយរឹទ្ធិ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសមាគមជាតិកាយរឹទ្ធិកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោក ជំទាវ លោក លោកស្រីមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត។

            ឯកឧត្តម ប៉ិច សុខិន ទីប្រឹក្សាផ្ទាល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ហើយក៏ជាប្រធានសមាគមជាតិកាយរឹទ្ធិកម្ពុជាខេត្តឧត្តរមានជ័យ បាន មានមតិស្វាគមន៍ និងបញ្ជាក់ថា៖ ខេត្តឧត្តរមានជ័យ មានផ្ទៃដីសរុបចំនួន ៦.៦៣១.៧២ គីឡូម៉ែត្រក្រឡា ដែលមានប្រជាពលរដ្ឋចំនួន៤០.៨៣៦គ្រួសារ ហើយមានប្រជាពលរដ្ឋ សរុបចំនួន ១៩២.០៦៥នាក់។ ឯកឧត្តមក៍បានមានប្រសាសន៍បញ្ជាក់បន្តទៀតថា៖ កាលពីដើមឆ្នាំ២០០៩ខេត្តឧត្តរមានជ័យ ទទួលនូវគ្រោះ រាំងស្ងួតរយៈពេលវែង ធ្វើឲ្យរាំងស្ទះដល់ការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ដែលជាហេតុបណ្តាលឲ្យ ការប្រមូលផលស្រូវនៅចុងឆ្នាំ២០០៩នេះ ពុំទទួលបានលទ្ធផលល្អប្រសើរដូចការរំពឹងទុកនោះទេ។

            តាមរបាយការណ៍របស់លោក អ៊ឹង បូរ៉ាត់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា និងជាប្រធាន ស្នងការនៃសមាគមកាយរឹទ្ធិខេត្តឧត្តរមានជ័យបានបញ្ជាក់ថា៖ ការសច្ចាប្រណិធាន និងបំពាក់កន្សែងជូន នវកាយរឹទ្ធិនេះ គឺជាជំនាន់ទី២ហើយ ដែលខេត្តឧត្តរមានជ័យបានរៀបចំពិធីបញ្ចូលសមាជិក សមាជិកា កាយរឹទ្ធិខេត្ត ចំនួន២៨៤ នាក់​ ហើយនៅក្នុងការបញ្ចូលជំនាន់ទី១នោះ ខេត្តបានបញ្ចូលបានចំនួន ១០៦នាក់ ផងដែរ។

            ឯកឧត្តម អ៊ឹម សិទ្ធី បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន មានការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជាក់ស្ដែងក្នុងនោះ មានវិស័យ អប់រំ គឺជាវិស័យមួយដ៍សំខាន់ក្នុងការស្ដារ និងអភិវឌ្ឍន៍ប្រទេស។ ឯកឧត្តម អ៊ឹម សិទ្ធី បានមានប្រសាសន៍ បន្តទៀតថា៖ ការបញ្ចូលសមាជិកថ្មីនាថ្ងៃនេះ ខ្ញុំសង្ឃឹមថា ចលនាកាយរឹទ្ធិនៅក្នុងខេត្តឧត្តរមានជ័យ មាន សន្ទុះកាន់តែផុសផុលឡើងមួយកម្រិតទៀត ក្នុងនោះគោលបំណងចម្បងនៃសមាគមកាយរឹទ្ធិកម្ពុជា គឺរួម ចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកុមារ និងយុវជនឲ្យប្រែក្លាយទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងជា ប្រជាពលរដ្ឋល្អ ដែលមានការទទួលខុសត្រូវខ្ពស់ ក្នុងសង្គមគ្រួសារក៍ដូចសង្គមជាតិផងដែរ៕