ពិធីចែកពូជ គោបា ពូជស្រូវ និងពូជដំណាំដល់សមាជិកកសិករ ប.វ.ស
ខេត្ត ឧត្តរមានជ័យ

        កាលពីថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០០៩ នៅក្នុង​វត្ត ថ្លាត ភូមិ ទួលក្រឡាញ់ ឃុំ ថ្លាត ស្រុក អន្លង់វែង ខេត្ត ឧត្តរមានជ័យ មានរៀប ចំពិធីចែកពូជគោបា ពូជស្រូវ និងពូជដំណាំ ដល់សមាជិក ប.វ.ស ដែលអញ្ជើញមកពីស្រុកអន្លង់វែង និងស្រុកត្រពាំប្រាសាទ សរុបចំ នួន ២៩២គ្រួសារ ពិធីនេះប្រព្រឹត្តិទៅក្រោម អធិបតីភាពឯកឧត្តម ជុំ ជាតិ អភិបាលរងខេត្ត ឧត្តរមានជ័យ ក្នុងពិធីនេះក៏មានការអញ្ជើញ ចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី មន្ត្រីរាជការជាច្រើនរូបទៀត ។
        លោក យឹម ផាន់ណា អភិបាលស្រុកអន្លង់វែង បានមានប្រសាសន៍ថា ៖ ស្រុក អន្លង់វែង គឺជាស្រុកមួយក្នុងចំណោមស្រុក និង ក្រុងទាំង ៥ របស់ខេត្ត ឧត្តរមានជ័យ ហើយដែលមានភូមិសាស្ត្រ ខាងជើង ជាប់និងប្រទេសសៀម និងខាងកើត ជាប់និងស្រុក ត្រពាំង ប្រាសាទ ខាងត្បូង ជាប់និងស្រុក វ៉ារិន ខេត្ត សៀមរាប និងខាងលិច ជាប់និង ក្រុងសំរោង ។
        តាមរបាយការណ៍របស់លោក ប៉ែន ម៉ារ៉ាន់ឌី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានបញ្ជាក់ថា ៖ ថ្ងៃនេះមន្ទីរកសិ កម្ម បាននាំយកពូជគោបារ យ៉ាងល្អ ពូជស្រូវ ផ្ការំដួល និងដំណាំហូបផ្លែ មានដូចជា ស្វាយកែវល្មៀត និងដើមខ្នុរ យកទៅចែកជូនដល់ ប្រជាពលរដ្ឋ ចំនួន ២៩២គ្រួសារ នៅក្នុងសហគមន៍ ។ លោក ប៉ែន ម៉ារ៉ាន់ឌី បានមានប្រសាសន៍បញ្ជាក់បន្តទៀតថា ៖ ក្នុងឆ្នាំនេះរដូវ បង្កបង្កើនផល ក៏បានខិតជិតមកដល់ហើយ បងប្អូនទាំងអស់បើចង់បានទិន្នផលខ្ពស់ ជាចំបងត្រូវជ្រើសរើសពូជ ឲ្យបានសុទ្ធល្អ មិន​ ត្រឹមតែប៉ុណ្ណោះ ពូជដែលយើងរើស ចំរ៉ាញ់នោះ ក្នុងរយៈពេលបីឆ្នាំ ត្រូវជ្រើស ម្តងទៀត ហើយក៏ត្រូវមានការថែទាំតាមបែបបច្ចេកទេស ផងដែរ ។
        ឯកឧត្តម ជុំ ជាតិ បានមានប្រសាសន៍ថា ៖ ខេត្ត ឧត្តរមានជ័យ នាពេលបច្ចុប្បន្ន គឺត្រូវពឹង ផ្អែកលើវិស័យកសិកម្ម ជាចំបង ដោយ ប្រជាពលរដ្ឋភាគច្រើនប្រកបរបរកសិកម្ម ជាក់ស្តែងថ្ងៃនេះយើងបាន នាំយកមកនូវពូជស្រូវ និងដំណាំ មកចែកជូន ដែលជាតំរូវការចំា បាច់របស់បង ប្អូន ។ កាលពីមុនយើងធ្វើស្រែពឹងផ្អែកទៅលើធម្មជាតិទាំងស្រុង ក៏ប៉ុន្តែថ្ងៃនេះយើងទទួលបាននូវបច្ចេកទេសថ្មីមួយទៀត គឺ ធ្វើស្រែតាមរបៀបប្រពលវប្បកម្ម គឺធ្វើដោយចំណាយពូចតិច មិនប្រើថ្នាំគីមី ឬជីគីមី ក៏ប៉ុន្តែ ទទួលបានផលច្រើន ។ ឯកឧត្តមក៏បាន មានប្រសាសន៍បន្តទៀតថា ៖កត្តាដែលយើងធ្វើហើយទទួលបានផលច្រើនមានដូចជា ១. ត្រូវជ្រើរើសពូជឲ្យបានសុទ្ធល្អ , ២. ត្រូវមាន ប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់ , ៣.ត្រូវប្រើជីធម្មជាតិ , ៤.ត្រូវការ ការថែទាំឲ្យបានដិតដល់ផងដែរ ។
        នៅក្នុងឱកាសនោះឯកឧត្តម ក៏បានចែកពូជស្រូវ ដល់កសិករចំនួន២៩២គ្រួសារ ក្នុងមួយគ្រួសារទទួលបានស្រូវ ប្រាំគីឡូក្រាម , កូនស្វាយ និងកូនខ្នុរ ប្រាំដើម ព្រមទាំងគ្រាប់បន្លែមួយចំនួនទៀត ៕