ពិធីចែកពូជ គោបារ ពូជស្រូវ និងពូជដំណាំដល់សមាជិកកសិករ ប.វ.ស
ខេត្ត ឧត្តរមានជ័យ

        កាលពីថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០០៩ នៅស្រុកចុងកាល់ ខេត្ត ឧត្តរមានជ័យ មានរៀបចំពិធីចែកពូជស្រូវ និងពូជដំណាំដល់ សមាជិក ប.វ.ស ដែលរស់នៅក្នុងស្រុកចុងកាល់ និងអញ្ជើញមកពីក្រុងសំរោង សរុប ចំនួន ២០០គ្រួសារ ពិធីនេះប្រព្រឹត្តិទៅក្រោម អធិបតីភាព ឯកឧត្តម ប៉ិច សុខិន អភិបាលខេត្តនិង​ ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត  លោក លោកស្រី មន្ត្រីរាជការជាច្រើន រូបទៀត ។
       លោកស្រី មុំ ពុទ្ធិដា អភិបាលរង ស្រុកចុងកាល់ បានមានប្រសាសន៍ថា ៖ ស្រុកចុងកាល់​ មានប្រជាពលរដ្ឋ ៤១៥២គ្រួសារ  ដែល ស្មើ និង ចំនួន២១២៩៨នាក់ ក្នុងនោះស្រី ចំនួន ១០៨២០នាក់ មានផ្ទៃដីសរុបចំនួន ៨៧ ០០០ហិកតា ដែលមានផ្ទៃដី បង្កបង្កើនផល ចំនួន ១០ ០០០ហិកតា ។
        តាមរបាយការណ៍របស់លោក ប៉ែន ម៉ារ៉ាន់ឌី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្ត បានបញ្ជាក់ថា ៖ ថ្ងៃនេះមន្ទីរ​ កសិកម្ម  ពូជស្រូវ ផ្ការំដួល និងដំណាំហូបផ្លែ មានដូចជា ស្វាយកែវល្មៀត និងដើមខ្នុរ យកទៅចែកជូនដល់ ប្រជាពលរដ្ឋ ចំនួន ២០០​ គ្រួសារ នៅក្នុងសហគមន៍ ។ លោក ប៉ែន ម៉ារ៉ាន់ឌី បានមានប្រសាសន៍បញ្ជាក់បន្តទៀតថា ៖ ក្នុងឆ្នាំនេះរដូវ បង្កបង្កើនផល ក៏បានខិតជិតមកដល់ហើយ បងប្អូនទាំងអស់បើចង់បានទិន្នផលខ្ពស់ ជាចំបងត្រូវជ្រើសរើសពូជ ឲ្យបានសុទ្ធល្អ មិន​ ត្រឹមតែប៉ុណ្ណោះ ពូជដែលយើងរើស ចំរ៉ាញ់នោះ ក្នុងរយៈពេលបីឆ្នាំ ត្រូវជ្រើស ម្តងទៀត ហើយក៏ត្រូវមានការថែទាំតាមបែបបច្ចេកទេស ផងដែរ ។
        ឯកឧត្តម ប៉ិច សុខិន បានមានប្រសាសន៍ថា ៖ ខេត្ត ឧត្តរមានជ័យ នាពេលបច្ចុប្បន្ន គឺត្រូវពឹង ផ្អែកលើវិស័យកសិកម្ម ជាចំបង ដោយ ប្រជាពលរដ្ឋភាគច្រើនប្រកបរបរកសិកម្ម ជាក់ស្តែងថ្ងៃនេះយើងបាន នាំយកមកនូវពូជស្រូវ និងដំណាំ មកចែកជូន ដែលជា តំរូវការចំា បាច់របស់បង ប្អូន ។ កាលពីមុនយើងធ្វើស្រែពឹងផ្អែកទៅលើធម្មជាតិទាំងស្រុង ក៏ប៉ុន្តែចាប់ពីថ្ងៃនេះតទៅយើងនឹងទទួល បាននូវបច្ចេកទេសថ្មីៗទៀត គឺ ធ្វើស្រែតាមរបៀបប្រពលវប្បកម្ម ,ធ្វើដោយចំណាយពូចតិច មិនប្រើថ្នាំគីមី ឬជីគីមី ក៏ប៉ុន្តែទទួលបាន ផលច្រើន ។ ឯកឧត្តមក៏បាន មានប្រសាសន៍បន្តទៀតថា ៖កត្តាដែលយើងធ្វើហើយទទួលបានផលច្រើនមានដូចជា ១. ត្រូវជ្រើរើស ពូជឲ្យបានសុទ្ធល្អ , ២. ត្រូវមាន ប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់ , ៣.ត្រូវប្រើជីធម្មជាតិ , ៤.ត្រូវការ ការថែទាំឲ្យបានដិតដល់ផងដែរ ។
        នៅក្នុងឱកាសនោះឯកឧត្តម ក៏បានចែកពូជស្រូវ ដល់កសិករចំនួន២០០គ្រួសារ ក្នុងមួយគ្រួសារទទួលបានស្រូវ ប្រាំគីឡូក្រាម , កូនស្វាយ និងកូនខ្នុរ ប្រាំដើម ព្រមទាំងគ្រាប់បន្លែមួយចំនួនទៀត ៕