ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំង អភិបាលស្រុកបន្ទាយអំពិល ខេត្ត ឧត្តរមានជ័យ

        នៅ ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០០៩ ស្ថិតនៅសាលា ស្រុកបន្ទាយអំពិល មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាល ស្រុកបន្ទាយអំពិលថ្មី  ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ប៉ិច សុខិន អភិបាលខេត្ត និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហា សេនាបតី តេជោ  ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា   ព្រមទាំងមានការអញ្ជើញ  ចូលរួមពីសំណាក់   ឯកឧត្តម លោក លោកស្រី មន្ត្រីរាជការ តាមមន្ទីនានាជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនរូបទៀត ។

                                          
        លោក ហៀប វុនណារិទ្ធ អនុប្រធានការិយាល័យ បុគ្គលិកសាលាខេត្ត ឧត្តរមានជ័យ  បានអាន  អនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ ៤២៨ អ.ន.ក្រ​ / តត   ចុះថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០០៩​   ស្តីពីការសំរួលភារកិច្ច និងតែងតាំងមន្ត្រីរាជការ  បានសម្រេច​សំរួល ភារកិច្ច លោក ខាវ ហួត ក្របខ័ណ្ឌមន្ត្រីកងយោធពលខេមរភូមិន្ទ ពីអភិបាលស្រុកបន្ទាយអំពិល ឲ្យទៅបំរើការងារនៅក្របខ័ណ្ឌដើម វិញ និង ត្រូវបានតែងតាំង លោក ចាប ផាត ឋានន្តរស័ក្កិអនុមន្ត្រីថ្នាក់លេខ ៣ ជាអភិបាល ស្រុក បន្ទាយអំពិល​ ខេត្ត ឧត្តរមានជ័យ ។
        ឯកឧត្តម ប៉ិច សុខិន បានមានប្រសាសន៍ថា ៖ការផ្ទេរភារកិច្ច និងតែងតាំងអភិបាលស្រុកថ្មី នៅពេលនេះ គឺជាការកែទំរងនូវរដ្ឋ​ បាលដ៏ស៊ីជំរៅ របស់រាជរដ្ឋាភិបាលអាណត្តិទី​៤ដំណាក់កាលទី២ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។ ឯកឧត្តមបានបន្តថា ៖ នេះមិនត្រឹមតែជាការទទួលនូវមុខតំណែងថ្មី ប៉ុណ្ណោះទេ គឺថែមទាំងទទួលនូវការងារយ៉ាង ធ្ងន់ ដែលត្រូវរ៉ាប់រង និង ទទួលខុសត្រូវ ចំពោះជាតិ និងប្រជាជន ។
        ឯកឧត្តម បានផ្តាំផ្ញើដល់មន្ត្រីដែលទើបទទួលមុខតំណែងថ្មី ត្រូវខិតខំធ្វើការងារបន្ថែមទៀត និងត្រូវចេះចែករំលែកការងារឲ្យបាន សមស្របព្រមទាំង មានសាមគ្គីភាពផ្ទៃក្នុង អោយបានល្អ ។ នាឱកាសនោះដែរ ឯកឧត្តម ប៉ិច​ សុខិន ក៏បានបំពាក់មេដាយការងារដល់ មន្ត្រីរាជការ ដែលមានស្នាដៃក្នុង បុព្វហេតុចូលរួម ការពារ និងកសាងប្រទេសជាតិ ចំនួន ១២រូប និងចែកអំណោយអនុស្សាវរីយ៍ ដល់ សិស្សានុសិស្សចំនួន ៥០នាក់ក្នុងម្នាក់ទទួលបានប៊ិច ១ដើម សៀវភៅ២ក្បាល និងថវិកាចំនួន ២០០០រៀល ។