សាលាខេត្តចាស់នៅផ្ទាល់ដីមានលក្ខណៈចង្អៀត(តាំងពីឆ្នាំ១៩៦៤)យើង សំរេចធ្វើថ្មីពីរជាន់ ៣២ បន្ទប់រួមជាមួយនឹងការសាងសង់ មន្ទីរថ្មី ទាំង អស់ចំនួន២៤មន្ទីរ ក្នុង តំបន់រដ្ឋបាល ចាប់ពីឆ្នាំ២០០៧ តទៅ ។ ការប្រែ ពីសាលាខេត្ត ចាស់ ឆ្នាំ២០០០ ដែលយកឃ្លាំងស្រូវពាណិជ្ជកម្ម ដើម្បី ធ្វើការ និងមន្ទីរនានា ជួលផ្ទះ គេធ្វើការមកធ្វើថ្មីក្នុងតំបន់់រដ្ឋបាលទាំងអស់ ។ ហើយបច្ចុប្បន្ននេះ មន្ត្រីសាលាខេត្ត បានមកធ្វើការងារនៅអាគាររដ្ឋ បាលថ្មីដែលបានសាងសង់រួចជាស្ថាពរ នឹងបានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ កាលពីថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០០៩ ក្រោមអធិបបតីភាពដ៏ ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងអធឹកអធមក្រៃលែង ។
កំណើតខេត្ត ៖
-ខេត្ត ឧត្តរមានជ័យ បង្កើតលើកទី១ តាមព្រះរាជក្រមលេខ ២៨២ប.រ ចុះថ្ងៃទី ០១ ខែមិនា ឆ្នាំ ១៩៦៦ ។
-ខេត្ត ឧត្តរមានជ័យ បង្កើតលើកទី២ តាមព្រះរាជក្រឹត្យលេខ នស/រកត/ ០១៩៥/០៧ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩៥ ។
-ចុងបញ្ចប់បានធ្វើការប្រកាសឲ្យដំណើរការងាររដ្ឋបាលជាផ្លូវការ នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ១៩៩៩ ក្រោមអធិបតីភាព ឯកឧត្តម ស ខេង ឧបនា យករដ្ឋមន្រ្តី ,រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។
ថ្នាក់ដឹកនាំខេត្ដ ៖
១/លោក ជា គឹមអេង អភិបាលខេត្តមុនគេរហូតដល់ឆ្នាំ១៩៦៩ពេលនោះ
មាន ស្រុក៖*ស្រុកសំរោង (ទីរួមស្រុកនៅ ផ្អុង) មាន៥ឃុំ ៖ឃុំ សំរោង, ឃុំ គោកខ្ពស់, ឃុំ ក្បាលស , ឃុំ កូនគ្រៀល និង ឃុំ ភ្លុក ។
*ស្រុកចុងកាល់ (ទីរួមស្រុកនៅចុងកាល់) មាន៤ឃុំ ៖ ឃុំ ចុង កាល់ ,ឃុំ ជើងទៀន,ឃុំ ក្រសាំង និង ឃុំពង្រ ។
*ស្រុកបន្ទាយឆ្នា (ទីរួមស្រុកនៅ អម្ពិល) មាន ៤ ឃុំ ៖ ឃុំ បន្ទាយឆ្មា ,ឃុំ អំពិល ,ឃុំ ទឹកជុំ និង ឃុំគោកមន ។
*ស្រុកអង្គជុំ (ទីរួមស្រុកនៅ អន្លង់វែង) មាន ៤ ឃុំ ៖ ឃុំ ថ្កូវ ,ឃុំ អន្លង់វែង ,ឃុំ ផ្អាវ និងឃុំ រំចេក ។
*ស្រុកប្រាសាទរវៀង (ទីរួមស្រុកនៅ ត្រពាំងតាវ) មាន៤ឃុំ ៖ ឃុំ រនាម,ឃុំ រនាមថ្មី,ឃុំ ណារិន និងឃុំ ស្អាត ។២/ លោក ឡុក ធិច អភិបាលខេត្តបាន២០ថ្ងៃខ្មែរក្រហមបាញ់ស្លាប់នៅ ចុងកាល់។
៣/ លោក គាន ទ្រី ជាអភិបាលខេត្ត ដល់ឆ្នាំ១៩៧៤។
៤/ លោក គីង សាម៉ន ជាអភិបាលខេត្ត ពីឆ្នាំ១៩៧៤ ដល់ ឆ្នាំ១៩៧៥ ។
៥/ លោក ចំរើន ជាតិ ជាអភិបាលខេត្ត (ហ្វ៊ុនស៊ិនប៉ិច) ពីឆ្នាំ១៩៩៩។
៦/ លោក ឡុង សារិន ជាអភិបាលពីឆ្នាំ២០០០ដល់ឆ្នាំ២០០១ ។
៧/ លោក ឡៃ វីរៈ ជាអភិបាលពីឆ្នាំ២០០១ដល់ឆ្នាំ២០០៥។
៨/ លោក គុជ ម៉ូលី ជាអភិបាលខេត្តពីឆ្នាំ២០០៥ដល់ឆ្នាំ២០០៦ ។
៩/ ឯកឧត្តម ប៉ិច សុខិន ជាអភិបាលខេត្តពី ឆ្នាំ២០០៦ មកដល់បច្ចុប្បន្ន ( ផ្អែកតាម ព្រះរាជក្រឹតលេខន.ស ១៤០រកត/០៣/០៦/០៦ )
រហូតមកដល់បច្ចុប្បន្ននេះ ក្នុងខេត្តឧត្តរមានជ័យ ចែកជា ក្រុង ១ និង ស្រុកទាំងអស់ ៤ មានដូចខាងក្រោម ៖
*ក្រុងសំរោង មាន ៥ សង្កាត់ ៖ សង្កាត់ សំរោង, សង្កាត់ បន្សាយរាក់, សង្កាត់ កូនគ្រៀល, សង្កាត់ បុស្បូវ និង សង្កាត់ អូរស្មាច់ ។ ប្តូរពីស្រុក សំរោង តាម អនុក្រឹត្យ លេខ ១៧ អនក្រ.បក ចុះថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០០៩ ។
*ស្រុកចុងកាល់ មាន៤ឃុំ ៖ ឃុំ ជើងទៀន,ឃុំ ចុងកាល់, ឃុំ ក្រសាំង និង ឃុំ ពង្រ ។
*ស្រុកបន្ទាយអំពិល មាន៤ឃុំ ៖ ឃុំ អំពិល,ឃុំ បេង,ឃុំ គោកខ្ពស់ និង ឃុំ គោកមន ។
*ស្រុកអន្លង់វែង មាន៥ឃុំ ៖ ឃុំ អន្លង់វែង,ឃុំ លំទង,ឃុំ ថ្លាត, ឃុំ ត្រពាំង ប្រីយ៍ និង ឃុំត្រពាំងតាវ ។
*ស្រុកត្រពាំងប្រាសាទ មាន៦ឃុំ ៖ ឃុំ ត្រពាំងប្រាសាទ, ឃុំ បាក់អន្លូង
,ឃុំ អូរស្វាយ,ឃុំ ផ្អាវ, ឃុំ ព្រះប្រឡាយ និង ឃុំ ទំនប់ដាច់ ។
**ក្នុងខេត្ត មន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃស្មើ ១៦៤នាក់ (មិនគិតមន្រ្តីកម្ម សិក្សា) និង មានផ្ទៃដីសរុប ចំនួន ៦ ៦៣១,៦៨ គីឡូម៉ែត្រការ៉េ ប្រជាជន ១៧៧ ៤៨៤ នាក់ (តាមតួលេខដើម ឆ្នាំ ២០០៩) ។
កាលពីថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០០៩ កន្លងទៅនេះ ខេត្ត បានរៀបចំ ពិធីប្រកាស ក្រុមប្រឹក្សាខេត្ត អាណត្តិទី ១ ដែលមានសមាសភាពចំនួន១៣ រូប តាមព្រះរាជក្រឹត្យ លេខ នស/រកត/០៥០៩/៦០៣ ចុះថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០០៩ និងការតែងតាំងគណៈអភិបាលខេត្ត អាណត្តិទី ១ មានសមា សភព ចំនួន ៥ រូប ដែលមាន ឯកឧត្តម ប៉ិច សុខិន ជាអភិបាល នៃគណៈ អភិបាល តាមព្រះរាជក្រឹត្យ លេខ នស/រកត/០៥០៩/៥៥២ ចុះថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០០៩ និង អភិបាលរង ចំនួន ០៤រូបទៀត តាមអនុក្រឹត្យ លេខ ៩០៥អនក្រ.តត ចុះថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០០៩ ។
**បញ្ជាក់់ៈ(ពីឆ្នាំ១៩៧០ដល់១៩៧៩ក្នុងពេលសង្រ្គាមមានពេលខ្លះដូរឬបង្រួម ខេត្តមកតែ១ ដោយដាក់ឈ្មោះថា សៀមរាបឧត្តរមានជ័យ ឧទាហរណ៍ នៅសម័យលន់ណុលនិងសម័យរដ្ឋកម្ពុជាជាដើម ) ។